ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យការងារត្រៀមលក្ខណក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
ព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យការងារត្រៀមលក្ខណក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរដល់អាជ្ញាធរដែលបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ការងារត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតឱ្យបានល្អប្រសើរ។ បន្តចូលរួមប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលបានកំណត់ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត។ សំណូមពរប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរបស់គ.ជ.ប សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ។ ក្នុងឱកាសនោះបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។